Category Archives: របាយការណ៍ / Report

របាយការណ៍ វិគីជួប​ជុំ​លើក​ទី៤ នៅ​ទី​ក្រុង​ភ្នំពេញ

កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១១ នេះ វិគីជួប​ជុំ​លើក​ទី៤ បាន​ប្រព្រឹត្ត​ទៅ​នៅ​ឯ​សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ការ​ជួប​ជុំ​លើក​នេះ​មាន​អ្នក​ចូលរួម​តិច​ជាង​លើក​ទី៣ ប្រមាណ​ជិត​២០នាក់។ ដូច្នេះ​លើក​ទី៤​នេះ ឃើញ​មាន​អ្នក​ចូលរួម​ត្រឹម​តែ ៣៧នាក់​ប៉ុណ្ណោះ។

ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ជ​ជួប​ជុំ​លើក​ទី៤ នេះ​មានដូច​ជា៖

  1. ការ​ណែនាំ​ត្រួសៗ​អំពី វិគីភីឌា
  2. ការ​ណែនាំ​អំពី​របៀប​ប្រើ​ប្រាស់ ចន្លោះ​មើល​មិន​ឃើញ នៅ​ក្នុង​យូនីកូដ​ខ្មែរ
  3. អំពី​ការ​បង្កើត​ទំព័រ​គំរូ
  4. អំពី​របៀប​នៃ​ការ​សរសេរ​អត្ថបទ (បក​ស្រាយដោយ​វាគ្មិន​ឈ្មោះ ចេង លីតា មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ)
  5. ការ​ណែនាំ​ឡើង​វិញ​ពី​ការ​ចាប់​ផ្ដើម​សរសេរ​អត្ថបទ

ការ​ជួប​ជុំ​លើក​នេះ បាន​ដំណើរ​ការ​ទៅ​បាន​ល្អ តែយើង​ក៏​ទទួល​បាន​សំនូម​ពរ និង​មតិរិះគន់​ក្នុង​ន័យ​ស្ថាបនា ​ផង​ដែរ។ ក្នុង​សំនូម​ពរ​ដែល​​អ្នក​ចូលរួម បាន​និយាយ​នៅ​ថ្ងៃ​នោះ​មាន​ដូច​ជា៖

  • សូម​ឲ្យ​មាន​ការ​បោះ​ពុម្ព​ជា​ក្រដាស​ឯកសារ ដើម្បី​ចែក​ជូន​អ្នក​ចូលរួម ក្នុង​ការ​ជួប​ជុំ​ក្នុង​ខែ​និមួយៗ
  • សូម​ឲ្យ​មាន​បង្កើត​ជា​វីដេអូ​មេរៀន ដើម្បី​ទុក​ឲ្យ​អ្នក​មិន​ដែល​មិន​មែន​ជា​អ្នក IT និង​អ្នក​រៀន​ប្រើ វិគីភីឌា ដំបូង​ងាយ​ស្រួល​ប្រតិបត្តិ​តាម

យើង​ខ្ញុំ​គិត​ថា ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ យើង​នឹង​ធ្វើ​ការ​រៀប​ចំ​នៅ​ពេល​ខាង​មុខ។ នៅ​ពេល​បន្ទាប់​យើង​នឹង​រៀប​ចំ​ចង​ក្រង​ធ្វើ​ជា​កូន​សៀវភៅ​ណែនាំ​អំពី​របៀប​ប្រើ​ប្រាស់ វិគីភីឌា មួយ។ ចំណែក​ចំណុច​ទី២ យើង​នៅ​ពិភាក្សា​គ្នា​ថា តើ​គួរ​យក​វីដេអូ​បរទេស​មក​ដាក់​អក្សរ​រត់​ពី​ក្រោម (sub-title) ឬ​ក៏ ធ្វើ​ថ្មី​តែ​ម្ដង។ តើ​អ្នក​គិត​ថា គួរ​តែ​បង្កើត​ថ្មី ឬ​ក៏ យក​វីដេអូ​បរទេស​មក​ធ្វើ​អក្សរ​រត់​ពី​ក្រោម?

ក្រៅ​ពីនេះ យើង​ក៏​បាន​ធ្វើ​ប្រអប់​បរិច្ចាគ​ផង​ដែរ។ យើង​ទទួល​បាន​ប្រាក់​ប្រមាណ​ជិត​៤ម៉ឺន​រៀល ដែល​អាច​គ្រប់​គ្រាន់​ក្នុង​ការ​បោះ​ពុម្ព​ក្រដាស និង​ទិញ​ទឹក​សុទ្ធ​សម្រាប់​វិគីជួប​ជុំ​លើក​ក្រោយ។

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ខ្លះៗ​នៅ​ក្នុង​វិគីជួប​ជុំ​លើក​ទី៤៖

2 មតិ

Filed under របាយការណ៍ / Report

របាយការណ៍៖ វិគី​ជួប​ជុំ ភ្នំពេញ លើក​ទី​២ – #WikiMeetup PP2 Report #kmwp

{ដក់ស្រង់ចេញពីប្លករបស់សុវិចិត្រ ហៅ វិចូច}

កាល​ពី​រសៀល​ថ្ងៃ​នេះ (៣០/០៤/២០១១) វេលា​ម៉ោង​២ កិច្ច​ជំនួប​មួយ​ដែល​មាន​ឈ្មោះ​ថា វិគីជួប​ជុំ ភ្នំពេញ បាន​ប្រព្រឹត្តិទៅ​នៅ​ឯ HackerSpace។ កិច្ច​ជំនួប​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ សៅរ៍ ដូច្នេះ​មិន​សូវ​មាន​អ្នកចូលរួម​ទេ ហើយ​អ្នក​ដែល​បាន​ចូលរួម​កាល​ពី​រសៀល​នេះ មាន​ចំនួន​ត្រឹម​តែ ១៤នាក់​ប៉ុណ្ណោះ តែ​យ៉ាង​ណា​ក៏​ច្រើន​ជាង​ការ​ជួប​ជុំ​លើក​ទី​១ ដែល​មាន​ត្រឹម​តែ​៣​នាក់​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត កិច្ច​ជំនួប​លើក​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សារ​ព័ត៌មាន​មួយ​ចំនួន​ដូច​ ជា៖ ទស្សនាវដ្ដី CM, Sabay Web, និង វិទ្យុអូស្ត្រាលី។ នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ម្ដង​ទៀត ដើម្បី​ធ្វើ​ឲ្យ​វិគីភីឌា​ភាសា​ខ្មែរ មាន​ភាព​រស់​រវើក កាល​ពី​មុនឆ្នាំ​២០០៨។ ហេតុ​ផល​ដែល​ជា​ឧបសគ្គ​នោះ ក៏​ព្រោះ​តែ​វិគីភីឌា​ភាសា​ខ្មែរ ពុំ​ទាន់​មាន​អ្នក​អភិបាល​ណា​ម្នាក់ មាន​តួនាទី​ក្នុង​ការ​គ្រប់​គ្រង​នូវ​ផ្នែកណា​មួយ​ឡើយ។ គម្រោង​រៀប​ចំ​ក្រុម​នៅ​ថ្ងៃ​មុខ គឺ​យើង​នឹង​បង្កើត​ជា​ក្រុម​តូចៗ​ទៀត​ដូចជា ក្រុម​សម្រាប់​អត្ថបទ​ប្រវត្តិសាស្ត្រ, អរិយធម៌, វិទ្យាសាស្ត្រ និង​ផ្សេងៗ​ទៀត។ កិច្ច​ប្រជុំ​លើក​នេះ គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​បង​ប្អូន​ជនជាតិ​ខ្មែរ​ទាំង ​ឡាយ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ៖ បង​វណ្ណថារិទ្ធ, បង សុខ​គឹម​ហេង និង ខ្ញុំ។ ចំណុច​ដែល​បាន​ធ្វើ​ការ​បង្ហាញ នៅ​ក្នុង​វិគីជួប​ជុំ​លើក​ទី​២​នេះ គឺ​ជា​ការ​ណែនាំ​រៀប​រាប់ អំពី​ប្រវត្តិ​វិគីភីឌា, ប្រវត្តិ​វិគីភីឌា​ខ្មែរ, បញ្ហា​ចំពោះ​អត្ថបទ, ដំណោះ​ស្រាយ និង​ផ្សេងៗ​ជា​ច្រើន​ទៀត។ ក្រៅ​ពី​នេះ​យើង​ក៏​បាន​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់ ធ្វើ​ការ​បំពេញ​នូវចំណាប់​អារម្មណ៍ និង​ការ​ចូលរួម​ចំណែក​របស់​ពួក​គាត់ នៅ​ពេល​ខាង​មុខ សម្រាប់​វិគីភីឌា​ភាសា​ខ្មែរ។

{លោកអ្នកអាចអានអត្ថបទទាំងស្រុង ដោយចុចលើតំណភ្ជាប់នេះ។}

បញ្ចេញមតិ

Filed under របាយការណ៍ / Report, វិគីជួបជុំ / WikiMeetup